សេចក្ដីអធិប្បាយ
កាសិក្សាស្នាដៃអក្សរសិល្ប៍ មានតួនាទីយ៉ាងសំខាន់ណាស់ ក្នុងការផ្ដល់នៅមុខងារសំខាន់ដល់សង្គមមនុស្សដូចជា មុខងារពុទ្ធិ មុខងារអប់រំ និងមុខងារសិល្ប៍វិទ្យាតាមប្រភេទ និងចលនានៃអក្សរសិល្ប៍ខ្មែរព្រាហ្មនិយម ពុទ្ធិនិយម ខេមរនិយមជាដើម។ ក្នុងនោះដែរចលនាអក្សរសិល្ប៍ខេមរនិយមក៏មានតួនាទីអប់រំ ដល់មហាជនគ្រប់ស្រទាប់ វណ្ណៈដើម្បីស្វែងយល់បញ្ហាជាក់ស្ដែងដែលបានកើតឡើងនៅក្នុងសង្គម។ ដោយបានមើលឃើញពីខឹ្លមសារៈសំខាន់ របស់អក្សរសិល្ប៍ខេមរនិយមបែបនេះហើយទើបមានពំនោលមួយបានលើកឡើងថា “តមៃ្លស្នាដៃអក្សរសិល្ប៍ខេមរនិយមឆ្លុះបញ្ចាំងពីតថភាពជាក់ស្ដែង” ។
តើតម្លៃស្នាដៃអក្សរសិល្ប៍ខេមរនិយម ឆ្លុះបញ្ចាំងពីតថភាពជាក់ស្ដែងយ៉ាងដូចម្ដេចខ្លះ?
ដើម្បីបកស្រាយប្រធានខាងលើនេះឲ្យបានក្បោះក្បាយ យើងគប្បីយល់ន័យនៃពាក្យគន្លឹះជាមុនសិន។ “អក្សរសិល្ប៍ខេមរនិយម” គឺជារឿងបែបមនុស្សលោកិយ ជារឿងរបស់ជាតិខ្មែរដែលយកសង្គមអារម្មណ៏មកចោទ និងដោះស្រាយទៅតាមប្រយោជន៍នៃសង្គមជាតិ ក្នុងគោលបំណងណែនាំអនុជន ខេមរជន ឲ្យស្រឡាញ់អំពើល្អ ស្អប់ និងចៀសវាងអំពើអាក្រក់។ “តថភាពជាក់ស្ដែង” សំដៅលើរឿងពិតប្រាកដប្រជាដែលកើតឡើងក្រោមមនោគតិ និងសិល្ប៍វិធីរបស់អ្នកនិពន្ធ។ ដូចនេះរឿងបែបមនុស្សលោកិយ ជារឿងរបស់ជាតិខ្មែរដែលសង្គមបានលើកមកចោទ និងដោះស្រាយទៅតាមប្រយោជន៍នៃសង្គមក្នុងគោលបំណងណែនាំ អនុជន ខេមរជនឲ្យស្រឡាញ់អំពើល្អ ស្អប់ និងចៀសវាងអំពើអាក្រក់ ដែលកើតឡើងក្រោមមនោគតិ និងសិល្ប៍វិធីរបស់អ្នកនិពន្ធឆ្លុះបញ្ចាំងសង្គមគ្រប់សម័យកាលពិតមែន។
ជាការពិតណាស់ អក្សរសិល្ប៍ខេមរនិយមជាអក្សរសិល្ប៍ដែលអ្នកនិពន្ធចេះលើកយកតថភាពសង្គមខ្មែរពិតៗដូចជា ជំនឿ សាសនា ប្រពៃណី ទំនៀមទម្លាប់ សិល្បះ ការសិក្សាអប់រំ ឬផ្នត់គំនិតនៃជនជាតិខ្មែរមកធ្វើការឆ្លុះបញ្ចាំងតាមរយះសិល្ប៍វិធីរបស់ខ្លួន។ ជាក់ស្ដែងរឿងក្នុងរឿងទុំទាវ ភិក្ខុសោម ក៏បានបង្ហាញពីផ្នត់គំនិតប្រជាជនខ្មែរ ដោយប្រកាន់ភ្ជាប់តាំងពីដើមរៀងមកនៅបញ្ហាជំនឿ ក្នុងនោះមានជំនឿទៅលើការទស្សន៍ទាយ កម្មផល និងសាសនា មន្ដអាគមជាដើម។ យ៉ាងណាមិញទុំមុននិងសឹក ដើម្បីទៅរកជួយនាងទាវ លោកគ្រូឧបជ្ឈាយ៏បានធ្វើការទស្សន៏ទាយទៅឃើញថានឹងត្រូវស្លាប់បើសឹកក្នុងខែបុស្ស តែបើសឹកក្នុងខែពិសាខនឹងត្រូវមានបុណ្យស័ក្ដធំ ”អញវាយលេខលុបគ្រប់ជើងហារលេខឆ្លើយឡើងថាអាកុំពារ កុំពុះទំលុះក្រែងវេទនា ឃើញថានេនពេជ្រគេចគ្រាន់បើ”។ នេនពេជ្រសឹកចុះខែបុស្សបាន ទុំឯងឈប់ទើបប្រសើរចាំដល់វិសាខសិនសឹមដើរ សឹកហើយត្រូវលើកបានជាធំ”។ ដោយសារតែទុំមិនស្ដាប់តាមទំនាយគ្រូបែបនេះហើយ ទើបត្រូវបាត់បង់ជីវិតនៅទីបំផុតនោះ។ ស្របជាមួយនឹងរឿងដដែលនេះ ក៏បានបង្ហាញឲ្យឃើញពីវិស័យជំនឿមួយទៀត ដែលគេជឿលើកម្មផល។ ដូចករណីទុំក្រោយពីគ្រូមិនឲ្យសឹក រួចមកខ្លូនក៏មានការឈឺចាប់ជាខ្លាំង ដោយសារតែនឹកទាវខ្លាំងពេក រួចក៏សម្រេចចិត្តសឹកតែងម្នាក់ឯង ហើយបានចោទប្រកាន់ថាសេចក្ដីសេ្នហាខ្លួនគឺកើតចេញពីកម្មទៅវិញ ៖ “មិនស្ដាយផ្នួសប្រាណបានប៉ុនសក់ កម្មនាំកញ្ឆក់ឲ្យងងឹត មោហ៍បាំងឆ្នាំងគ្របក្រសោបរឹត គ្មានគិតគ្មានគូរលោកគ្រូខ្ញាល់” ។ ជាងនេះទៅទៀត នៅសម័យសង្វែកទោះបីជាមានការគោរពបូជាពុទ្ធសាសនាក៏មែនពិត តែសាសនាព្រាហ្មនៅតែមានឥទ្ធិពលដដែល។ ដូចជាទុំចេះប្រើមន្តអាគមក្នុងសូត្រផ្លុំសេកប្រេងម្សៅ ក្រោយពីទទួលគ្រឿងបរិក្ខាពីនាងទាវតាមរយៈនាងនោ ដែលយកមកប្រគេននោះ។ ជាក់ស្ដែងដោយនាងទាវមានទឹកចិត្តស្រឡាញ់ទុំផងក្រោយពីនាងបួងសួងរួចមកនាងក៏យកផាហ៊ុមដន្លាប់ ម្លូស្លាបារី ឲ្យនាងនោយកទៅប្រគេនទុំ ព្រោះនាងកំពុងចូលម្លប់ ។ នេនទុំក៏ “...ឈប់អង់បន្តិចសែកប្រេងម្សៅ រំលឹកដល់ទៅមន្តសារិកា លិនថោងរវឹករំលឹករក សិម្លិលីហៅយកមណីចិន្ដា...” ។ ទាំងសុទ្ធតែជាមន្តអាគមមេស្នេហ៍ ដែលជាជំនឿមួយក្នុងឥទ្ធិពលសាសនាព្រាហ្មនិយមក្នុងចំណោមជំនឿទាំងឡាយ ដែលខ្មែរបានប្រកាន់យករហូតមកដល់ពេលនេះ។ ជាក់ស្ដែងក្នុងដំណើររឿង កុលាបប៉ៃលិន ជាទឹកដីកម្ពុជាដ៏ល្បីល្បាញ សម្បូរត្បូងមានតម្លៃស្ថិតនៅទិសនិរតីទីរួមខេត្តបាត់ដំបង ។ អ្នកនិពន្ធ ញ៉ុក ថែមបានលើកយកវិស័យសង្គមជាច្រើនមកបង្ហាញតាមអក្សរសិល្ប៍ នៃសិល្ប៍វិធីរបស់គាត់ក្នុងនោះយើងឃើញថាក្នុងវិស័យវប្បធម៌ដំណើររឿកុលាបប៉ៃលិនបានប្រាប់ឲ្យយើងដឹងថា សម័យនោះមានសាលារៀន ហើយយុវជនខ្មែរបានសិក្សារៀនសូត្រដូចជាចៅចិត្រចេះបើកឡាន និងចេះជួសជុលម៉ាស៊ីន។ ជាមួយគ្នានេះដែរគេឃើញថាប្រជាជនខ្មែរ ហើយកម្មករមានចិត្តស្មោះត្រង់ និងគោរពចៅហ្វាយនាយដូចជាពួកកម្មករដទៃទៀត ព្រមទាំងចៅចិត្រដែរមានចិត្តស្មោះត្រង់ចំពោះ លោកហ្លួងរតនៈសម្បត្តិ។ ចំណែកវិស័យសេដ្ឋកិច្ចវិញយើងឃើញថាប៉ៃលិនជាតំបន់រ៉ែត្បូង ហើយមានថៅកែប្រកបអាជីវកម្មត្បូងដោយមានជួលកម្មករឲ្យជីកត្បូង នៅតាមរណ្ដៅច្រើនមានការជួញដូរត្បូងមានតម្លៃ ដើម្បីលក់ឬទិញវត្ថុចាំបាច់គេត្រូវធ្វើដំណើរមកផ្សារសង្កែឯក្រុងបាត់ដំបងដោយធ្វើដំណើរ តាមរថយន្តកាត់ព្រៃភ្នំតាមផ្លូវដ៏លំបាក។ បន្ថែមពីនេះទៀត រឿងភូមិតិរិច្ឆានដែលជាវណ្ណកម្មពីរនាក់ របស់លោក ឌឹក គាម និង លោក ឌឿក អ៊ុំ បានលាតត្រដាងពីបញ្ហាជីវភាពរស់នៅរបស់ប្រជាជន នៅសម័យអាណានិគមបារាំងឆ្នាំ មួយពាន់ប្រាំបីរយហុកសិបបី ដល់ឆ្នាំមួយពាន់ប្រាំបួនរយហាសិបបី បានកេណ្ឌប្រជារាស្ត្រខ្មែរធ្វើជាទាហាន ដើម្បីទៅជួយច្បាំងបារាំងក្នុងលោកលើកទីមួយ នោះនៅ (មួយពាន់ប្រាំបួនរយដប់បួន ដល់ឆ្នាំមួយពាន់ប្រាំបួនរយដប់ប្រាំបី) ។ លើសពីនេះទៅទៀត លើវិស័យជំនឿផ្សេងៗមានការជឿលើវត្ថុស័ក្តសិទ្ធិ គឺថែវព្រះវិហារព្រះកែវមរកតដូចជាក្រោយពីប្រមូលទាហានកំណែនបានគ្រប់ចំនួនហើយទាហានទាំងនោះ ទៅស្នាក់នៅក្នុងថែវព្រះវិហារព្រះកែវមរកត។ ប៉ុន្តែពួកគេលែងគោរពទំនៀមទម្លាប់ខ្មែរ ខ្លះស្រែកហ៊ោឡូឡាធ្វើឫកតាមបារាំង ខ្លះរៀនដើរពើងទ្រូង ខ្លះទៀតខំហាត់និយាយបារាំង ធ្វើឲ្យទីវត្តអារាមបាត់សេចក្ដីស្ងប់ស្ងាត់ ធ្វើឲ្យទាហានខ្លះជុះអាចម៍ ខ្លះឈឺពោះ ខ្លះគ្រុនញាក់ញ័រ ព្រោះទាហានទាំងនោះមិនជឿលើវត្ថុស័ក្តសិទ្ធិ។ បន្ថែមពីនេះដែរ ខ្មែរយើងនិយមជឿលើអ្នកតា ដូចជានារីដែលមានសង្សារលួចនិយាយនឹងអ្នកតាដងកើ “ សូមលោកតាជួយមើលសង្សារកុំឲ្យបាត់មរតកនៅស្រុកបារាំង” ។
សរុបសេចក្ដីមកឃើញថា តម្លៃស្នាដៃអក្សរសិល្ប៍ខេមរនិយមបានឆ្លុះបញ្ចាំងតថភាពជាក់ស្ដែងតាមរយៈវិស័យផ្សេងៗនៅក្នុងសង្គមយើង ដូចជាជំនឿ សាសនា ទំនៀមទម្លាប់ របបគ្រប់ប្រទេសពិតប្រាកដមែន ។
ឆ្លងតាមការបកស្រាយប្រធានពិតជាមានអត្ថន័យល្អ ដែលឆ្លុះបញ្ចាំងពីតថភាពសង្គមខ្មែរនៅសម័យទំនើប សម្រាប់ជួយបណ្ដុះស្មារតីប្រជាជនខ្មែរស្វែងយល់ពី បញ្ហារបបសង្គមតាមរយៈស្នាដៃអក្សរសិល្ប៍ក្នុងផ្ដល់ជាគតិត្រិះរិះពិចារណាពីស្ថានភាពស្រុកទេសដែលបានកើតឡើងកន្លងមក។ ដូចនេះយើងជាយុវជនជាទំពាំងស្នងឬស្សីខិតខំក្រេបជញ្ជក់យកចំណេះវិជ្ជាឲ្យមានប្រយោជន៍ដើម្បីជួយបម្រើប្រទេសជាតិ ។